ថ្ងៃសុក្រ ០៨រោច ខែស្រាពណ៏ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំស្តីពីការចុះសង្កេត ពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់ទិន្នន័យស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយ លោក អ៊ិម អេណេ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត លោក ហាប់ ចាន់ធា អនុប្រធាននាយកដ្ឋាននៃនាយកដ្ឋានស្ថិតិនិងវិភាគសេដ្ឋកិច្ច សមាសភាពចូលរួមមាន: អគ្គនាយកដ្ឋានគោលនយោបាយ ដឹកនាំដោយប្រធានប្រតិភូ ១ រូប អមដោយមន្ត្រីបច្ចេកទេស ៣ រូប មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អនុប្រធានមន្ទីរ លោក លោកស្រី ដែលជាប្រធានការិយាល័យ លោក លោកស្រី អនុប្រធានមន្ទីរ អមដោយមន្ត្រីបច្ចេកទេសពាក់ព័ន្ធ មាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់, មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍, មន្ទីរទេសចរណ៍ ។
យោងតាមផែនការសកម្មភាព (GDAP) ឆ្នាំ២០២៣ នៃវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អគ្គនាយកដ្ឋានគោលនយោបាយ (អ.គ. ប.) កំពុងតាមដាននិងវិភាគសកម្មភាពសេដ្ឋកិច្ចតាមវិស័យទាំងថ្នាក់ជាតិ និងតាមបណ្តាខេត្ត ដែលគ្របដណ្តប់លើវិស័យសំខាន់ៗមួយចំនួន ដូចជា៖ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។ ទន្ទឹមនឹងនេះ កិច្ចការងារនេះ ក៏ជាផ្នែកមួយយ៉ាងសំខាន់ដៃគាំទ្រដល់ការពង្រឹង គុណភាព និងពង្រីកវិសាលភាពស្ថិតិសេដ្ឋកិច្ចតាមវិស័យ ឱ្យកាន់តែទូលំទូលាយសម្រាប់ការវិភាគគ្រប់ជ្រុងជ្រោយ។ ក្នុងន័យនេះ តម្រូវឱ្យមានការ ជួបពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនិងភាគីពាក់ព័ន្ធ ទាំងនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន។
វិសាលភាព
ការចុះសង្កេត ពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់ទិន្នន័យស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅតាមបណ្ដាខេត្ត មានវិសាលភាពចំពោះសកម្មភាព សេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និនេសាទ, មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់,មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និង មន្ទីរទេសចរណ៍។
គោលបំណងនៃកិច្ចពិភាក្សា
កិច្ចពិភាក្សានេះ សិក្សាស្វែងយល់ពីការវិវឌ្ឍន៍សំខាន់ៗនៃសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាន និងប្រមូលធាតុចូល ដើម្បីពិនិត្យលទ្ធភាពទិន្នន័យសូចនាករសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសំខាន់ៗ ក្នុងការតាមដានសកម្មភាពតាមវិស័យតាមបណ្តារាជធានី-ខេត្ត។